ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤

ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅសាលាវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ និងកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់បណ្ណាល័យ១ខ្នងនៅក្នុងសាលាវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពនានា នាយក នាយិកា អនុវិទ្យាល័យ និងវិទ្យាល័យក្នុងខេត្តព្រះសីហនុ លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សយ៉ាងច្រើនកុះករ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអានសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ ៦ឆ្នាំនៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីសម្រាប់ថ្នាក់ថ្មី។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ចាប់ផ្ដើមអនុវត្ដអាទិភាពគោលនយោបាយសំខាន់ៗពាក់ព័ន្ធ នឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ “ការពង្រឹងគុណភាពវិស័យអប់រំកីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា” និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅ “លើកកម្ពស់គុណភាពអប់រំ” ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សាតាមរយៈការពង្រឹងកិច្ចការសំខាន់ៗរួមមាន ទី១.ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២.ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា ទី៤.ការជំរុញលើកទឹកចិត្ត ការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ» ឆ្លើយតបនឹងស្មារតីខាងលើនេះក្រសួងអប់រំយុវជន និងកីឡា បានបញ្ចូលចំណុចគន្លឹះទាំង៤ ខាងលើទៅក្នុង «ស្តង់ដាសាលារៀនគំរូ» ចំនួន៥ សម្រាប់មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា ដើម្បីបង្កើនការយកចិត្តទុកដាក់លើការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្នុងនោះក្រសួងបានដាក់ឱ្យអនុវត្តការផ្តល់ពិន្ទុ ៨០ភាគរយលើចំណេះដឹង ១០ភាគរយលើបំណិន និង ១០ភាគរយ លើសីលធម៌ និងចរិយាធម៌។ ការដាក់ចេញនូវគោលនយោបាយ វិធានការគន្លឹះ និងយុទ្ធនាការខាងលើមានគោលដៅធ្វើឱ្យសាលារៀនក្លាយជាអង្គភាពសេវាសាធារណៈដែលមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជន និងសហគមន៍។ ដូច្នេះសាលារៀនត្រូវតែអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើការបង្រៀន និងការរៀនដែលនឹងនាំទៅរកការប្រែប្រួលជាវិជ្ជមាន នៃលទ្ធផលសិក្សារបស់សិស្ស។ ការពង្រឹងអភិបាលកិច្ចសាលារៀន នឹងឈានទៅលើកកម្ពស់គុណភាពអប់រំ ដែលជាកត្តាសំខាន់ៗ៤ រួមមាន៖ ១.កត្តាសាលារៀន ត្រូវផ្តល់នូវបរិស្ថានអំណោយផលសម្រាប់ការបំពេញការងាររបស់គ្រូបង្រៀន និងការសិក្សារបស់សិស្ស ដូចជាការគ្រប់គ្រង និងភាពជាអ្នកដឹកនាំមានប្រសិទ្ធភាព។ ២.កត្តាគ្រូបង្រៀន ត្រូវមានគុណវុឌ្ឍខ្ពស់ មានការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ មានវិធីសាស្ត្របង្រៀនថ្មី និងចេះប្រើប្រាស់បច្ចេកវិទ្យា និងវាយតម្លៃក្នុងការបង្រៀន។ ៣.កត្តាសិស្ស មានការលូតលាស់រាងកាយ ខួរក្បាល សតិបញ្ញា មានឥរិយាបថវិជ្ជមាន មានពេលវេលាគ្រប់គ្រាន់សម្រាប់ការសិក្សារៀនសូត្រ និងត្រៀមខ្លួនសម្រាប់ការសិក្សា។ ៤.កត្តាគ្រួសារ ការឱ្យតម្លៃលើការរៀនសូត្រ ការជួយគាំទ្រខាងផ្នែកស្មារតី និងសម្ភារៈពិតជាមានសារៈសំខាន់សម្រាប់ការអប់រំ។ ដើម្បីពង្រឹងអភិបាលកិច្ចសាលារៀនចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា ក្រសួងអប់រំយុវជន និងកីឡាបានរៀបចំយន្តការ ដើម្បីគាំទ្រដល់សាលារៀនឆ្ពោះទៅសម្រេចបានស្តង់ដាសាលារៀនមានប្រសិទ្ធភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍រួចហើយ ដើម្បីដាក់ឱ្យអនុវត្ត “ស្តង់ដាសាលារៀនគំរូ” និង “ពានរង្វាន់សាលាគំរូ សម្ដេចមហាបវរធិបតី” នៅទូទាំងប្រទេសចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ នេះតទៅ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានជូនបណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តដល់សិស្សជ័យលាភីសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចាប់ពីលេខ១ ដល់លេខ៣ ផងដែរ រួចបន្តកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់នូវបណ្ណាល័យ១ខ្នង នៅក្នុងវិទ្យាល័យផងដែរ។

អត្ថបទដែលជាប់ទាក់ទង