រសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម តាក វណ្ណថាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តម ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបិទការប្រកួតកីឡាវាយសីជ្រើសរើសជើងឯក ធីអ័រ ហូប ឆ្នាំ២០២៤ TR Hope Badminton Championship 2024 នៅក្លឹប TR Hope មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ
រសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម តាក វណ្ណថាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តម ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបិទការប្រកួតកីឡាវាយសីជ្រើសរើសជើងឯក ធីអ័រ ហូប ឆ្នាំ២០២៤ TR Hope Badminton Championship 2024 នៅក្លឹប TR Hope មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
លោក ថោង វីរ៉ូ ប្រធានក្លឹបកីឡា TR Hope Badminton Champoinship 2024 បានធ្វើរបាយការសង្ខេប ស្តីពីការប្រកួតកីឡាវាយសីប្រចាំឆ្នាំ២០២៤ ដែលចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ហើយការប្រកួតមានកីឡាករ កីឡាការិនីមកពីបណ្តាក្លឹបវាយសីរបស់កម្ពុជាចំនួន១២ ក្លឹមកីឡាវាយសីមកពីប្រទេសថៃចំនួន១ មកពីស្ថានទូតឥណ្ឌូនេស៊ីចំនួន១ និងមានកីឡាចូលរួមប្រកួតចំនួន ១៥០នាក់។ ប្រកួតលើវិញ្ញាសារចំនួន៨ មានដូចជា ១.វិញ្ញាសាវាយគូរបុរសកម្រិតខ្ពស់ LEVELA ២.វិញ្ញាសាវាយគូរបុរសកម្រិតមធ្យម LEVELB ៣.វិញ្ញាសាវាយគូរបុរសអាយុ ៥០ឆ្នាំឡើង ៤.វិញ្ញាសាវាយគូរនារី ៥.វិញ្ញាសាវាយគូរចម្រុះបុរស នារី ៦.វិញ្ញាសាវាយទោលកុមាអាយុ ១៣ឆ្នាំ ៧.វិញ្ញាសាវាយទោលកុមារក្រោម ១៨ឆ្នាំ ៨.វិញ្ញាសារវាយទោលកុមាអាយុក្រោម ៩ឆ្នាំ។ ការប្រកួតកីឡានាពេលនេះ ក្នុងគោលបំណងអភិវឌ្ឍន៍វិស័យកីឡាវាយសីក្នុងប្រទេសកម្ពុជា ឱ្យក្លាយជាកីឡាកម្រិតខ្ពស់ដូចប្រទេសអភិវ្ឍន៍ជឿនលឿនក្នុងវិស័យកីឡាវាយសី បង្កើនគុណផលរបស់កីឡាករ កីឡាការិនី បង្កើតមិត្តភាពរវាងក្រុមកីឡាវាយសីក្នុងប្រទេស ក៏ដូចជាកីឡាករ កីឡាការិនីអន្តរជាតិ បណ្តុះបណ្តាលកុមារចាប់ពីអាយុ ៩ឆ្នាំ និងផ្តល់ឱកាសបង្ហាញពីសមត្ថភាពរបស់យុវជនកម្ពុជា ព្រោះកីឡារស់ក្នុងសន្តិភាព។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញបិទ និងបំពាក់មេដាយជ័យលាភីជូនដល់កីឡាករ កីឡាការិនី ក្នុងការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអន្តរជាតិ TR Hope ឆ្នាំ២០២៤(TR Hope Badminton Championship 2024) ព្រមទាំងស្វាគមន៍ និងថ្លែងអំណរគុណវត្តមានប្រតិភូកីឡាមកពីប្រទេសថៃ និងកីឡាករមកពីក្លឹបនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមប្រកួតនាពេលនេះ។ បច្ចុប្បន្នវិស័យកីឡានៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គម ខណៈវិស័យកីឡានេះមានការរីកចម្រើនយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ក្នុងនោះ ក៏មានប្រភេទកីឡាវាយសីផងដែរ និងត្រូវបានយកចិត្តទុកដាក់ពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលរងខេត្ត បានបន្តថា កីឡាវាយសី ជាកីឡាមួយប្រភេទដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់សុខភាពមនុស្ស ជាពិសេសយុវជនរបស់យើងមានដូចជា ១.ភាពស្អាតសមសួន នៃរាងកាយ តាមរយៈសកម្មភាពជាច្រើនដូចជា ដើរ ហក់ លោត ដើម្បីវាយគ្រាប់សី សកម្មភាពនេះជួយដុតបំផ្លាញជាតិខ្លាញ់ធាត់បានយ៉ាងប្រសើរ
២. ធ្វើឱ្យសាច់ដុំរឹងមាំ៖ ការលេងកីឡាវាយសីរៀងរាល់ថ្ងៃ នឹងពង្រឹងសាច់ដុំឱ្យរឹងមាំ ការបញ្ចេញសកម្មភាពច្រើនធ្វើឱ្យគ្រប់កន្លែង នៃរាងកាយធ្វើចលនាបានល្អ
៣.បង្កើនភាពរហ័សរហួន នៃការដើរចុះឡើងដោយផ្តោតលើទីតាំងគ្រាប់សី និងការវាយតបតទៅដៃគូ ជំរុញឱ្យរាងកាយធ្វើចលនាបញ្ចេញសកម្មភាពច្រើនមានភាពរហ័សរហួន និងស្មារតីវាងវៃ
៤.កាត់បន្ថយហានិភ័យពីជំងឺប្រចាំកាយមួយចំនួនដូចជា សម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម ជំងឺបេះដូងជាដើម។ កីឡាប្រភេទនេះជួយឱ្យសុខភាពបានប្រសើរ និងកាត់បន្ថយការទៅជួបពេទ្យ
៥.បង្កើនភាពរីករាយ បន្ធូអារម្មណ៍តានតឹងបានយ៉ាងល្អប្រសើរ មិនត្រឹមតែមានប្រយោជន៍ល្អសម្រាប់រាងកាយប៉ុណ្ណោះ ទេ កីឡាវាយសីជួយបន្ធូរបន្ថយអារម្មណ៍តានតឹងបានយ៉ាងល្អ ជួយធ្វើឱ្យខួរក្បាលរបស់យើងមានអារម្មណ៍ប្រសើរឡើងវិញ។
លោកអភិបាលរងខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំការប្រកួត និងគណៈប្រតិភូកីឡា ជាពិសេសក្លឹបកីឡា TR Hope Badminton and GYM Training Club ខេត្តព្រះសីហនុ បានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងបច្ចេកទេសដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានា និងបានធ្វើឱ្យដំណើរការ នៃការប្រកួតកីឡាវាយសីនៅលើទឹកដីនៃខេត្តព្រះសីហនុ ប្រព្រឹត្តទៅប្រកបដោយសុក្រឹតភាព និងទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរ។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានធ្វើការអំពាវនាវដល់យុវជនត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ចៀសឱ្យឆ្ងាយពីក្រុមក្មេងទំនើង និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា ព្រោះគ្រោះថ្នាក់ចរាចរណ៍វាក៏ជាឃាតករមួយដែលឆក់យកអាយុជីវិតរបស់យើងគ្រប់ពេលវេលា ប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ននោះទេ។ ព្រមទាំងបាននាំយកថវិការបស់រដ្ឋបាលខេត្តព្រះសីហនុ ចំនួន ៥លានរៀល ឧបត្ថម្ភជូនការប្រកួតកីឡាវាយសីនេះផងដែរ។