ខេត្តព្រះសីហនុ មានមួយប្រមូលមួយ អ្នកមានសារធាតុញៀនក្នុងខ្លួន ត្រូវតែមកមណ្ឌលបន្សាប ឱ្យអស់ទេីបត្រឡប់ទៅសហគមន៍វិញ
ខេត្តព្រះសីហនុ មានមួយប្រមូលមួយ អ្នកមានសារធាតុញៀនក្នុងខ្លួន ត្រូវតែមកមណ្ឌលបន្សាប ឱ្យអស់ទេីបត្រឡប់ទៅសហគមន៍វិញ
នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអង្ករ និងគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភដល់ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថាសម្រាប់ខេត្តព្រះសីហនុ បើពិនិត្យឃើញមានសារធាតុញៀន មានមួយប្រមូលមួយចំពោះអ្នកមានសារធាតុញៀនត្រូវតែបញ្ជូនទៅកាន់មណ្ឌលកែប្រែបន្សាសារធាតុញៀនដែលមានទីតាំងស្ថិតនៅក្នុងឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុបានជាសះស្បើយទើបឱ្យធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ។
ឯកឧត្តមជាប្រធានគណៈបញ្ជាការឯកភាពខេត្តត្រូវធ្វើការគ្រប់គ្រងនៅក្នុងមូលដ្ឋានដោយផ្ដើមពីការអនុវត្តនៅពេលដែលបានជួបបានឃើញមិនថាបុគ្គលនោះមកពីកន្លែងណាខេត្តណានៅទីណាមានស្ថានភាពបែបណានោះទេនៅពេលពិនិត្យធ្វើតេស្តមានឃើញផ្សារធាតុញៀនមាននៅក្នុងខ្លួនគឺយើងត្រូវតែយកមកមជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ហើយនៅក្នុងខេត្តព្រះសីហនុគណៈបញ្ជាការឯកភាពខេត្តបានអនុវត្តព្រមៗគ្នាក្នុងគ្រប់កិច្ចប្រតិបត្តិការដោយចាត់វិធានការត្រួតពិនិត្យរដ្ឋបាលចំហរតាមដងផ្លូវសាធារណៈនិងនៅក្នុងមូលដ្ឋាន ក្រោយមានការអនុវត្តរយៈពេលបីខែចុងក្រោយនេះកម្លាំងសមត្ថកិច្ចបានរកឃើញអ្នកផ្ទុកសារធាតុញៀននៅក្នុងខ្លួនមានរហូតទៅដល់ជាង ២០០ នាក់ ដែលបានបញ្ជូនមកមជ្ឈមណ្ឌលដើម្បីធ្វើការបន្សាប។
ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថាចំពោះយុទ្ធនាការនេះគឺមិនមានការដកថយនោះទេបើទុកឱ្យបងប្អូនមានសារធាតុញៀននៅក្នុងខ្លួនរស់នៅក្នុងសហគមន៍គឺអាចបន្តការប្រើប្រាស់ពីបុគ្គលមួយទៅបុគ្គលមួយមកប្រើប្រាស់ជាមួយខ្លួនបង្កការគ្រោះថ្នាក់នៅក្នុងសហគមន៍របស់យើង។
លោក កែវ វាសនា ប្រធានមជ្ឈមណ្ឌលបានឲ្យថាបច្ចុប្បន្ន មានជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនិងបន្សាបសារធាតុញៀនមានចំនួន ៦៧០ នាក់ស្រី ៣៦នាក់។
មជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្តនិងផ្អែកលើសហគមន៍ មានកន្លែងបន្សាបនិងព្យាបាល ការងារស្ដារនីតិសម្បទានិងបណ្ដុះបណ្ដាលជីវៈមានដូចជាកម្មវិធីអប់រំចិត្ត អប់រំចិត្តសាស្ត្រ លំហាត់ប្រាណ កីឡា ហត្ថកម្ម ពលកម្ម កសិកម្ម អប់រំបំណិនជីវិត រោងជាងបណ្ដុះបណ្ដាលវិជ្ជាជីវៈមុនធ្វើសមហរណកម្មអ្នកជាសះស្បើយទៅគ្រួសារនិងសហគមន៍វិញ។
អំណោយដែលផ្ដល់ជូនមជ្ឈមណ្ឌលរួមមានអង្ករ៣០តោនទឹកត្រី ២០០ យួរទឹកស៊ីអ៉ីវ២០០យួរ មី ២០០កេសតូច ទឹកសុទ្ធ ២០០ យួរថវិកា ១០ លានរៀល ជាអំណោយរបស់សម្ដេចមហាបវរអធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងថវិកាសប្បុរសជនចំនួន ៣ពាន់ដុល្លារផងដែរ៕