នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបិទការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វិកហ្វឺនកីឡាទូកក្តោងខេត្តព្រះសីហនុ Bay of Light ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមរបាយការណ៍គណៈកម្មការប្រកួតកីឡាទូកក្តោងបានឱ្យដឹងថា ការប្រកួតមានកីឡាករ កីឡាការិនីចូលរួមចំនួន ៤ក្លឹប ក្នុងនោះ៖ ១.ក្លឹបកីឡាទូកក្តោងព្រះសីហនុ ២.ក្លឹបកីឡាទូកក្តោងខេត្តកែប ៣.ក្លឹបកីឡាទូកក្តោងតារាសាគរ ៤.ក្លឹបកីឡាទូកក្តោងក្រសួងមហាផ្ទៃដែលមានកីឡាករ កីឡាការិនីចូលរួមចំនួន ២៧រូបលើវិញ្ញាសាចំនួន៥ មានដូចជា ១.វិញ្ញាសារ Windsurfin Open មានកីឡា ១៣រូប ២.Windfoil IQ Foil Open មានកីឡា ៤រូប ៣.ILCA Boat មានកីឡា ២រូប ៤.Byte Boat មានកីឡា ២រូប និងទី ៥.Optimist Boat មានកីឡា ៥រូប ហើយការប្រកួតមានចំនួន ៣ជុំ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ស្របពេលក្រុងព្រះសីហនុ ទើបតែទទួលបានចំណាត់ថ្នាក់លេខ១ ទីក្រុងមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៣។ ចំណាត់ថ្នាក់នេះបានមកពីការចូលរួមចំណែកពីគម្រោង Bay of lights របស់ក្រុមហ៊ុន ខានូពី ស៊ែន ឌីវេឡុបម៉ិន (CANOPY SANDS DEVELOPMENT) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីសេ្ទតគ្រុប។ ព្រឹត្តិការណ៍ប្រកួតរយៈពេល ៣ថ្ងៃ ក្នុងគោលបំណង ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនី ដើម្បីត្រៀមចូលរួមប្រកួតជាលក្ខណៈអន្តរជាតិផ្សេងៗនាពេលខាងមុខ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ការអភិវឌ្ឍមូលធនមនុស្ស គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។ មូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំសម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗសំដៅធានាចីរភាពកំណើនរយៈពេលវែង និងជីវភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ ការវិនិយោគក្នុងការអភិវឌ្ឍមូលធនមនុស្សមានសារៈសំខាន់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃតម្រូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាលបានផ្ដោតលើអាទិភាពការពង្រឹងគុណភាពវិស័យអប់រំកីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសការលើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់នឹងការអប់រំ ការបន្តជំរុញចលនា «យុវជនម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»។ កីឡាករ កីឡាការិនីបានចូលរួមប្រកួតប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងនាមជាកីឡាករយ៉ាងពិតប្រាកដដោយស្ម័គ្រចិត្តទទួលយកលទ្ធផលចាញ់ឈ្នះដែលជាធាតុដ៏សំខាន់នៃសេចក្តីថ្លៃថ្នូរស្របតាមគោលការណ៍យុត្តិធម៌ និងមិត្តភាព។ ភាពជោគជ័យរបស់យើងកើតចេញពីការផ្តល់នូវកិច្ចសហការគ្នាបានយ៉ាងល្អប្រសើរ។ លទ្ធផលដែលយើងទទួលបាននាពេលនេះ ពិតជាសក្តិសមសម្រាប់កីឡាករ កីឡាការិនីដែលត្រូវបានធ្វើការវិនិច្ឆ័យអំពីលក្ខណៈបច្ចេកទេសភាពប៉ិនប្រសប់ និងលក្ខខណ្ឌដទៃទៀតដោយគណៈកម្មការរៀបចំការប្រកួត។ វិស័យអប់រំកាយ និងកីឡាមិនគ្រាន់តែផ្តល់នូវកាយសម្បទារឹងមាំដល់យុវជន យុវនារីរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការអប់រំទៅលើផ្លូវចិត្ត និងសីលធម៌ ធ្វើយ៉ាងណាឱ្យពួកគេមានការតស៊ូប្រកបដោយភាពអង់អាចក្លាហាន អំណត់ព្យាយាម និងចេះយោគយល់គ្នា ព្រមទាំងប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ សុចរិតធម៌ជានិច្ច។ ឆ្លើយតបតាមបរិបទនៃការរីកចម្រើនរបស់សង្គមជាតិយើងត្រូវបង្កើនសកម្មភាព ឱ្យបានខ្លាំងក្លាថែមទៀតក្នុងការបំផុសចលនាអប់រំកាយ និងកីឡាក្នុងស្រទាប់ប្រជាជនឱ្យមានសក្តានុពលគ្របដណ្តប់ទាំងផ្នែកបរិមាណ និងគុណភាព។
ឯកឧត្តម ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍បិទការប្រកួតកីឡាទូកក្តោងកម្ពុជា ព្រមទាំងបានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះការខិតខំរបស់កីឡាករ កីឡាការិនីរបស់យើងដែលបានបញ្ចេញអស់កម្លាំងកាយ ប្រាជ្ញាស្មារតី និងបច្ចេកទេសរៀងៗខ្លួនដណ្តើមបានជ័យលាភីនាពេលនេះ ព្រោះការលេងកីឡានាំមកនូវសុខភាព និងសាមគ្គីភាពជាក្រុម និងប្រទេសថែមទៀតផង សូមឱ្យកីឡារបស់យើងត្រូវបន្តការហ្វឹកហាត់ដកបទពិសោធន៍បច្ចេកទេសបន្ថែមទៀត ដើម្បីឈានទៅធ្វើការប្រកួតប្រចាំឆ្នាំ និងបន្តទៅធ្វើការប្រកួតជាលក្ខណៈអន្តរជាតិនានា ជាពិសេសឆ្ពោះទៅការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីលើកទី៤ ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕