នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធដាក់ឱ្យដំណើរការអគារស៊ីកាងវ័នតា និងផ្សារទំនើបដារុនហ្វា ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ
នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធដាក់ឱ្យដំណើរការអគារស៊ីកាងវ័នតា និងផ្សារទំនើបដារុនហ្វា ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាព ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
លោក យី ពាវហ៊ួយ (YU BIAOHUI) អគ្គនាយកក្រុមហ៊ុន (DRF-MART FA DAO JIA TRADING) បានស្វាគមន៍ថា ក្រុមហ៊ុនយើងបានចំណាយពេលប្រហែលជាង ១០ខែ សម្រាប់ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ស៊ីកាងវ័នតា និងផ្សារទំនើបដារុនហ្វា ជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ។ សូមថ្លែងអំណរគុណរដ្ឋបាលខេត្ត ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំពាក់ព័ន្ធដទៃទៀតបានផ្ដល់ការជ្រោមជ្រែងគាំទ្រ។ អគារ ស៊ីកាងវ័នដា និងផ្សារទំនើបដារុនហ្វា ប្រែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទំនើបរួមមានផ្សារទិញទំនិញ ការសម្រាកលំហែ ការកម្សាន្ត ការបម្រើអាហារ ភេសជ្ជៈ និងសកម្មភាពផ្សេងៗជាច្រើនទៀត។ ក្រុមហ៊ុនប្រកាន់ខ្ជាប់នូវទស្សនគោលការណ៍អាជីវកម្មពោលគឺ “យកអតិថិជនជាចម្បង សេវាកម្មដ៏ល្អប្រសើរ” បន្តកែលម្អគុណភាពសេវាកម្ម និងបំពេញតម្រូវការរបស់អតិថិជន ផ្តល់ជូននូវទំនិញ និងសេវាកម្មដែលមានគុណភាពខ្ពស់ទៅកាន់អតិថិជនប្រកបដោយភាពស្មោះត្រង់ វិជ្ជាជីវៈ និងគំនិតច្នៃប្រឌិតថ្មី។ ទន្ទឹមនឹងការយកចិត្តទុកដាក់លើការការពារបរិស្ថាន សុវត្ថិភាព ការពារអគ្គិភ័យ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយមានទំនួលខុសត្រូវខ្ពស់ចូលរួមជួយសង្គមផងដែរ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ អាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានជាង ១ ០០០កន្លែងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម និងប្រទេសកម្ពុជា។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការសម្ពោធដាក់ឱ្យដំណើរការអគារស៊ីកាងវ័នតា និងផ្សារទំនើបដារុនហ្វា ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់វិនិយោគគិនលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សូមឱ្យអគារស៊ីកាងវ័នតា និងផ្សារទំនើបដារុនហ្វា ទទួលបានជោគជ័យក្នុងមុខជំនួញរបស់ខ្លួន និងមានការគាំទ្រកាន់តែច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ។ ការបើកឱ្យដំណើរការអគារ និងផ្សារទំនើបដារុនហ្វា មានសារៈសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅខេត្តឱ្យកាន់តែមានភាពទាក់ទាញរីកចម្រើនទៅមុខជាលំដាប់ ពិសេសផ្តល់ការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០។ វិស័យទេសចរណ៍ មានតួនាទីក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ដូចជាការគិតគូរដល់គំរូនៃការវិនិយោគថ្មីប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាពកាន់តែប្រសើរ។
ឯកឧត្តម អភិបាលខត្ត បានអបអរសាទរអគារ និងផ្សារទំនើប ពិតជាបានរួមគ្នាក្នុងការវិនិយោគ និងមើលឃើញនូវបរិយាកាសនយោបាយសម្រាប់ខេត្ត ក្នុងការជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ហើយពីម្សិលមិញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ក្នុងគោលបំណងដាក់ចេញនូវវិធានការ និងយន្តការដែលមានលក្ខណៈជាកញ្ចប់ប្រទាក់ក្រឡា មុតស្រួច និងសាមញ្ញ។ វិធានការគន្លឹះក្នុងកម្មវិធីពិសេសនេះ មានភាពប្រទាក់ក្រឡាគ្នា ឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការជាក់ស្ដែងចំពោះមុខរបស់ខេត្តព្រះសីហនុ ក្នុងគោលដៅជំរុញការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម ការស្ដារកំណើនសេដ្ឋកិច្ច និងការបំពេញបន្ថែមលើយុទ្ធសាស្រ្ត និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តផែនការមេប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ខ្ញុំជឿជាក់ថា អស់លោក លោកស្រីនឹងបន្តការផ្សព្វផ្សាយផែនការសកម្ម ភាពអភិវឌ្ឍន៍ និងការវិនិយោគនៅទីនេះកាន់តែទូលំទូលាយប្រកបដោយសុខដុមរមនា។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខត្ត ស្នើសុំឱ្យលោកអគ្គនាយកក្រុមហ៊ុន បន្តផ្សព្វផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានលើកកាលពីម្សិលមិញដល់អ្នកវិនិយោគគិន ដើម្បីចាប់យកឱកាសធ្វើការវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត។ ការបើកដំណើរការអគារ និងផ្សារទំនើបដារុនហ្វានាពេលនេះ ផ្តល់ការងារដល់បុគ្គលិក កម្មករ រួមទាំងអតិថិជន ព្រោះអគារ និងផ្សារទំនើបដារុនហ្វានឹងក្លាយ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយមានរបៀបរៀបរយប្រកបដោយផាសុខភាពរួមចំណែកទាក់ទាញអតិថិជនកាន់តែច្រើននៅពេលខាងមុខ៕