សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកតម្រូវការអ្នកបច្ចេកទេសជារឿងសំខាន់ និងជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគិន
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង៥ពាន់នាក់ របស់វិទ្យាស្ថានជាតិ បណ្តុះ បណ្តាលបច្ចេក ទេស នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមើលឃើញពីតម្រូវចាំបាច់សម្រាប់អ្នកបច្ចេកទេសនៅកម្ពុជា ដើម្បីសេចក្ដីត្រូវការដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ប្រសិនបើកម្ពុជាគ្មានធនធានមនុស្សគ្រប់គ្រាន់ផ្ដល់ឲ្យដល់វិនិយោគិនទេនោះ ម្ល៉េះកម្ពុជាមិនអាចទទួលបានជោគជ័យក្នុងការទាក់ទាញវិនិយោគមករកស៉ីសណ្ដាក់ទុននោះទេ ហើយកុំថាឡើយដល់វិនិយោគិនបរទេស សូម្បីតែអ្នកវិនិយោគក្នុងស្រុក ក៏ជួបការលំបាកដូចគ្នាដែរ ប្រសិនបើមិនមានអ្នកបច្ចេកទេសគ្រប់គ្រាន់ ក្នុងការបំពេញតម្រូវការទេនោះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវនេះតម្រូវការអ្នកបច្ចេកទេសកាន់តែធំ កាន់តែមានតម្រូវការខ្លាំងណាស់ ព្រោះមួយផ្នែកតម្រូវការក្នុងស្រុក ដែលកំពុងមានស្រាប់ ប៉ុន្ដែមួយផ្នែកទៀតការទាក់ទាញវិនិយោគដើម្បីឲ្យមកកាន់ទីនេះ (កម្ពុជា)។ ប្រសិនបើយើងគ្មានធនធានមនុស្សគ្រប់គ្រាន់ផ្ដល់ឲ្យគេទេ គឺយើងមិនអាចទទួលជោគជ័យទាក់ទាញវិនិយោគិនមកទេ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានរំលឹកថា កាលពីឆ្នាំ១៩៩៦ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស មាននិស្សិតត្រឹមតែជាង ២០០នាក់ប៉ុណ្ណោះ ជាមួយការលំបាករកការងារ ព្រោះប្រទេសជាតិមិនទាន់បញ្ចប់សង្គ្រាម។ សម្ដេចបន្ដថា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៨ ដែលមានឈ្មោះដើមថា «មជ្ឈមណ្ឌលព្រះកុសុមៈ» ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, ការបណ្តុះបណ្តាលបច្ចេកទេស ត្រូវបានព្រះបរមរតនកោដ្ឋ យកព្រះទ័យទុកដាក់តាំងពីចុងទសវត្សរ៍៥០ តែត្រូវបានបំផ្លាញដោយសារតែសង្គ្រាម។ ដោយសារតែកម្ពុជា មានតម្រូវការខ្ពស់ជំនាញវិជ្ជាជីវៈនានានេះហើយ ទើបសម្រេចដាក់ចេញគោលដៅជ្រើសរើសអ្នកក្រីក្របណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប្រមាណ ១លាន ៥សែននាក់។
សម្តេចតេជោ ហ៊ុន សែន បានអះអាងទៀតថា គោលដៅធំរបស់កម្ពុជា គឺទាក់ទាញការវិនិយោគលើឧស្សាហកម្មកែច្នៃលើផលិតផលក្នុងស្រុក និងឧស្សាហកម្មមានបច្ចេកទេសខ្ពស់។ សម្ដេចតេជោសង្កត់ធ្ងន់ថា មិនមែនគ្រាន់តែដាក់ចេញគោលដៅដោះស្រាយការងារកម្រិតនេះ កម្រិតនោះ ដោយមិនផ្សាភ្ជាប់ខ្សែសង្វាក់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ដែលមានលក្ខណៈជាពហុវិស័យដូចជាការគ្របបណ្ដប់ស្ដីពីបញ្ហាសន្ដិភាព ដែលជាកត្តាធានាដើម្បីការអភិវឌ្ឍនោះទេ។
សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា គ្មានវិនិយោគិនណា ទៅបណ្ដាក់ទុននៅប្រទេសដែលគ្មានសន្ដិភាព ហើយគ្មានស្ថេរភាពនយោបាយនោះទេ។ មួយផ្នែកទៀត គេក៏ត្រូវមើលលំហូរទីផ្សារនៅខាងក្រៅដូចគ្នាផងដែរ៕