ឆេះរថយន្ដទំនើបលើផ្លូវល្បឿនលឿន ដោយសារឡើងកម្ដៅធុងទឹក នៅស្រុកស្ទឹងហាវ, មន្ដ្រីនគរបាលអំពាវនាវអ្នកបើកបរ មុនឡើងផ្លូវល្បឿនលឿន ត្រូវពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានច្បាស់លាស់
ភ្នំពេញ៖ រថយន្ដទំនើបមួយគ្រឿង ម៉ាក MERCEDES BENZ C300 ត្រូវបានអគ្គិភ័យឆាបឆេះពេលកំពុងបើកបរលើផ្លូវល្បឿនលឿន តែមិនបណ្ដាលឲ្យអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ ខណៈរថយន្ដត្រូវភ្លើងឆេះសល់តែគ្រោងឆ្អឹង។ ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ លើផ្លូវល្បឿនលឿនក្នុងទិសដៅព្រះសីហនុ-ភ្នំពេញ ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
របាយការណ៍របស់នគរបាលចរាចរណ៍ប្រចាំការលើផ្លូវល្បឿនលឿន បានបញ្ជាក់ថា រថយន្ដដែលត្រូវភ្លើងឆេះនេះ បើកបរដោយជនជាតិចិន និងមានអ្នករួមដំណើរម្នាក់។ ដោយឡែក មូលហេតុដែលនាំឲ្យភ្លើងឆេះ ដោយសាររថយន្ដឡើងកម្ដៅធុងទឹកខ្លាំង ហើយប៉ះជាមួយខ្សែភ្លើងបណ្ដាលឲ្យឆាបឆេះតែម្ដង។
សមត្ថកិច្ចបានបន្ថែមទៀតថា នៅពេលកើតហេតុភ្លាមៗ អ្នកបើកបរមិនបានទំនាក់ទំនងមកកាន់សមត្ថកិច្ចបានទូរស័ព្ទទាន់ហេតុការណ៍នោះទេ ពោលគ្រាន់តែកាក់ឡានអ្នកដទៃដែលធ្វើដំណើរឆ្លងកាត់ ដើម្បីឲ្យជួយអន្ដរាគមន៍។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចេញរថយន្ដពន្លត់អគ្គិភ័យ ដើម្បីជួយអន្ដរាគមន៍ ប៉ុន្ដែភ្លើងកាន់តែឆេះខ្លាំងសព្វពេញរថយន្ដទៅហើយ។
សូមជម្រាបថា ករណីឆេះរថយន្ដលើផ្លូវល្បឿនលឿន ដែលបានកើតឡើងកាលពីម្សិលមិញនេះ គឺជាករណីទីពីរហើយ បន្ទាប់ពីផ្លូវល្បឿនលឿនត្រូវបានដាក់ឲ្យប្រើប្រាស់ ដែលករណីទីមួយប្រភេទរថយន្ដ Rang Rover។
បន្ទាប់ពីកើតឡើងករណីនេះ លោកឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់អ្នកបើកបរទាំងអស់ ពិសេសអ្នកដែលត្រូវប្រើប្រាស់ផ្លូវល្បឿនលឿន មុនបើករថយន្ដឡើងលើផ្លូវនេះ ត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដឲ្យបានត្រឹមត្រូវ ក្នុងទាំងកម្រិតទឹក ប្រេងម៉ាស៉ីន ប្រព័ន្ធហ្វ្រាំង ប្រព័ន្ធភ្លើង សម្ពាធខ្យល់កង់ សំបកកង់ និងប្រេងសាំងជាដើម។
ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍រូបនេះ បានបន្ដទៀតថា បន្ទាប់ពីច្បាស់លាស់លើលក្ខណៈបច្ចេកទេសយានយន្ដហើយនោះ អ្នកបើកបរត្រូវប្រើប្រាស់ផ្លូវល្បឿនលឿនដោយគោរពច្បាប់ចរាចរណ៍ ពិសេសការប្រើប្រាស់លឿន តាមអ្វីដែលបានកំណត់លឿនបំផុត១២០គីឡូម៉ែត្រក្នុងមួយម៉ោង (សម្រាប់រថយន្ដគ្រួសារ) និងការកំណត់ល្បឿនផ្សេងទៀតសម្រាប់រថយន្ដដឹកទំនិញ។
លើសពីនេះ ត្រូវប្រើស្គាល់ឲ្យច្បាស់ពីការប្រើប្រាស់គន្លងផ្លូវ ដោយហាមប្រើប្រាស់ឈប់បន្ទាន់ និងគន្លងវ៉ាជែង (ក្នុងករណីបើកធម្មតា) ព្រមទាំងគោរពតាមស្លាកសញ្ញាចរាចរណ៍ ដោយហាមការបើកបរបញ្ច្រាសទិសជាដើម៕