នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញសម្ពោធការិយាល័យចែក ចាយថ្មីប្រចាំខេត្តព្រះសីហនុ របស់ក្រុមហ៊ុន ជេធី អ៊ិនធើណេសសិនណល (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ

នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញសម្ពោធការិយាល័យចែក ចាយថ្មីប្រចាំខេត្តព្រះសីហនុ របស់ក្រុមហ៊ុន ជេធី អ៊ិនធើណេសសិនណល (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក រ៉យ ម៉ាណាលីលី (Roy Manalili) និងសហការី ដែលបានអភិវឌ្ឍអាជីវកម្មរបស់ខ្លួនពង្រីកទីផ្សារ បើកសាខាការិយាល័យចែកចាយថ្មីប្រចាំនៅខេត្តព្រះសីហនុ។ ក្រុមហ៊ុន ជេធីអាយ ជាក្រុមហ៊ុនផលិតថ្នាំជក់អន្តរជាតិរបស់ប្រទេសជប៉ុន បានលក់ផលិតផលរបស់ខ្លួននៅជាង ១៣០ប្រទេសជុំវិញពិភពលោក និងមានស្នាក់ការកណ្តាលនៅប្រទេសស្វីស។ ក្រុមហ៊ុនផ្ដល់ភាពជាគំរូដល់ក្រុមហ៊ុនឯកជនដទៃទៀតក្នុងការអនុលោមសារពើពន្ធនៅកម្ពុជា ដែលទើបតែទទួលបានចំណាត់ថ្នាក់មាសសម្រាប់ឆ្នាំ២០២២-២០២៣ ដោយអគ្គនាយកដ្ឋានពន្ធដារ។ សូមជូនពរឱ្យដំណើរការនៃការពង្រីកទីផ្សារនៅខេត្តព្រះសីហនុទទួលបានជោគជ័យ និងរីកចម្រើនតាមការរំពឹងទុកស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុននាពេលខាងមុខ។

លោក អភិបាលរងខេត្ត បានបន្តថា ការបង្កើតការិយាល័យចែកចាយនៅខេត្តព្រះសីហនុ បានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងខេត្ត តាមរយៈការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរបស់ព្រះរាជាណាចក្រកម្ពុជា និងជាប៉ូលសេដ្ឋកិច្ចជាតិមួយដ៏សំខាន់។ ការបើកទំព័រពាណិជ្ជកម្មក្នុងខេត្តព្រះសីហនុ នឹងផ្ដល់ឱកាសដល់ក្រុមហ៊ុនពង្រីកនូវវិសាលភាពរបស់ខ្លួនបានកាន់តែលឿន និងផ្ដល់ភាពងាយស្រួលដល់ក្រុមហ៊ុនសម្រាប់ធ្វើការចែកចាយ។ ដោយសារខេត្តព្រះសីហនុ មានសក្តានុពលលើសេវាដឹកជញ្ជូនរួមមាន៖ កំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវគោក ផ្លូវដែក និងផ្លូវល្បឿនលឿនបានដើរតួយ៉ាងសំខាន់ក្នុងការតភ្ជាប់ និងដឹកជញ្ជូនទំនិញក្នុងវិស័យ Logistic ទៅកាន់ដៃគូរសហការ។ ក្នុងនាមរដ្ឋបាលខេត្ត សូមគាំទ្រ និងអនុវត្តនូវគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យសុខភាពសាធារណៈ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ រដ្ឋបាលខេត្តសង្ឃឹមថា ក្រុមហ៊ុននៅតែបន្តប្រកបអាជីវកម្មកាន់តែរីកចម្រើន និងចូលរួមចំណែកជាវិជ្ជមានដល់សុខុមាលភាពរបស់សង្គមកម្ពុជា ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធការត្រួតពិនិត្យថ្នាំជក់ក្នុងប្រទេសកម្ពុជា។

លោក រ៉យ ម៉ាណាលីលី (Roy Manalili) អគ្គនាយកក្រុមហ៊ុន JTI Cambodia បានស្វាគមន៍ថ្លែងអំណគុណរដ្ឋបាលខេត្ត និងអ្នកចូលរួមក្នុងការសម្ពោធមជ្ឈមណ្ឌល ចែកចាយខេត្តព្រះសីហនុ ដែលទើបនឹងជួសជុលថ្មី ដែលជាសក្ខីភាពមួយចំពោះការ ប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនដ៏មោះមុត និងមានជំនឿយ៉ាងមុតមាំចំពោះសក្តានុពល និងឱកាសដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ និងព្រះរាជាណាចក្រកម្ពុជាទាំងមូល។ ការបង្កើតការិយាល័យប្រកបដោយស្តង់ដារខ្ពស់បំផុតនៃគុណភាព ប្រសិទ្ធភាព និងមុខងារ។

លោក អគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ថា មជ្ឈមណ្ឌលចែកចាយខេត្តព្រះសីហនុ ដែលទើបជួសជុលថ្មីនេះ មិនត្រឹមតែឈរជារចនាសម្ព័ន្ធរូបវ័ន្តប៉ុណ្ណោះទេ ការផ្តល់នូវបរិយាកាសការងារដែលជំរុញភាពច្នៃប្រឌិត ផលិតភាព និងកិច្ចសហការក្នុងចំណោមក្រុមពិសេសរបស់យើង។ ការវិនិយោគផ្តល់ឱ្យពួកគេនូវកន្លែងធ្វើការដ៏ទំនើប មានផាសុខភាព និងរស់រវើក ដែលជាគន្លឹះនៃភាពជោគជ័យការអាជីវកម្មរបស់យើងនៅពេលខាងមុខផងដែរ។ 

អត្ថបទដែលជាប់ទាក់ទង