រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តអញ្ជើញចូលរួម ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ
រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តអញ្ជើញចូលរួម ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងបានលើកទិសដៅយុទ្ធសាស្រ្តចំនួន៥ រួមមាន៖
១.ការធ្វើទំនើបកម្មស្ថាប័ន និងការកសាងរដ្ឋបាលទំនើប
២.ការពង្រឹងបទដ្ឋានបច្ចេកទេស និងការទទួលខុសត្រូវវិជ្ជាជីវៈ
៣.ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ
៤.ការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងលំហព័ត៌មាន និងសន្តិសុខព័ត៌មាន
៥.ការបង្កើនភាពជាដៃគូប្រកបដោយ
បរិយាប័ន្ន និងស័ក្តិសិទ្ធភាព។
សម្តេចមហាបវរធិបតីបានមានប្រសាសន៍ ថា អង្គសន្និបាតបូកសរុបលទ្ធផលការងារនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បី ឆ្លុះបញ្ចាំងការងារសម្រេចបានកន្លងទៅ និងដោះស្រាយបញ្ហាប្រឈមដើម្បីបន្តការងារនៅឆ្នាំបន្ទាប់។ សម្តេចបានបន្ថែមទៀតថា អំណាចសារព័ត៌មាន គឺជាអំណាចទី៤ អំណាចនេះ បើប្រើប្រាស់ត្រូវ គឺមានសារៈសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិកម្ពុជាទាំងមូល។ វិស័យព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការផ្តល់ព័ត៌មានពិត ទៅកាន់សាធារណជន។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតីបានផ្តល់អនុសាសន៍ណែនាំមួយចំនួនដូចជា៖
– ក្រសួងព័ត៌មានត្រូវរៀបចំវិធានការ ច្បាប់ បទដ្ឋានបច្ចេកទេសសម្រាប់គ្រប់គ្រង និងលើកកម្ពស់គុណភាពការផ្សាយ និងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន, សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរៀបចំក្រមស្តង់ដារប្រតិបត្តិក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានជាតិដែលជា «ធម្មនុញ្ញសារព័ត៌មាន» មួយសម្រាប់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានគោរពនិងអនុវត្ត, កំណត់យន្តការ និងប្រព័ន្ធគ្រប់គ្រងដើម្បីពង្រឹងស្ថាប័នព័ត៌មាន គុណភាពព័ត៌មាន សុវត្ថិភាពនិងសិទ្ធិទទួលបានព័ត៌មាន និងបន្តសហការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព្រមទាំងមានវិធានការទប់ស្កាត់ និងការពារទាន់ពេលដើម្បីធានាឱ្យបាននូវសន្តិសុខព័ត៌មាន សេរីភាពសារព័ត៌មាន និងសណ្តាប់ធ្នាប់សារព័ត៌មាន សណ្តាប់ធ្នាប់សង្គមជាតិ។
បន្ថែមពីលើនេះសម្តេចធិបតី បានណែនាំឱ្យក្រសួងព័ត៌មានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ពង្រឹងយន្តការក្រសួងដើម្បីបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផល គ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិផ្អែមជាដើម ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ និងការប៉ះពាល់ដោយជំងឺមិនឆ្លង។
– អភិបាលរាជធានី-ខេត្ត និងប្រធានស្ថាប័នទាំងអស់ត្រូវ ប្រើប្រាស់មន្ទីរពត៌មានរាជធានី-ខេត្តជាសេនាធិការ ដោះស្រាយបញ្ហា តាមរយៈព័ត៌មានដែលរហ័ស និងគ្រប់ជ្រុងជ្រោយ និងត្រូវមានចំណាត់ការ ក្នុងដែនសមត្ថកិច្ចឱ្យទាន់ពេលវេលា។
គួរបញ្ជាក់ផងដែរថា នាថ្ងៃទី១ អង្គសន្និបាត មានធ្វើបទបង្ហាញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ និងអគ្គនាយកនៃអគ្គនាយកដ្ឋានទាំង ៥ ចំណុះក្រសួងព័ត៌មាន ដើម្បីពិនិត្យនិងវាយតម្លៃនូវរាល់សមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ដើម្បីរិះរកដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានា និងបានដាក់ចេញនូវទិសដៅការងារ សម្រាប់ការអនុវត្តបន្តសំដៅលើកកម្ពស់វិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជាឱ្យកាន់តែប្រសើរ ឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។