នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញសម្ពោធសួនសុវត្ថិភាពចរាចរណ៍ទី២ និងទី៣ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់

នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញសម្ពោធសួនសុវត្ថិភាពចរាចរណ៍ទី២ និងទី៣ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ដោយមានការចូលរួមពីលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ លោកអភិបាល ស្រុកព្រៃនប់ ប្រតិភូមកពីបណ្តាខេត្ត អាជ្ញាធរស្រុក លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សវិទ្យាល័យវាលរេញ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍សម្ពោធសួនសុវត្ថិភាពចរាចរណ៍ទី២ និងទី៣ នៅវិទ្យាល័យវាលរេញ និងវិទ្យាល័យហ៊ុន សែនព្រៃនប់ ព្រោះវាបានផ្តល់សារៈសំខាន់ណាស់ ស្របពេលស្ថានភាពខេត្តព្រះសីហនុ កំពុងអភិវឌ្ឍខ្លាំងលើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទើបស្ថាបនារួចរាល់ ទន្ទឹមនោះខេត្តកំពុងប្រឈមស្ថានភាពចរាចរណ៍ ជាពិសេសកំណើននៃយានយន្តភ្ញៀវទេសចរណ៍ កំណើនការដឹកជញ្ជូនការសាងសង់ជាដើម។ គ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមនិងបានកើតឡើងជារៀងរាល់ថ្ងៃក្នុងខេត្ត ពិសេសនៅតាមផ្លូវជាតិលេខ៤ មានករណីគ្រោះថ្នាក់ញឹកញាប់ បច្ចុប្បន្នអាជ្ញាធរខេត្តខិតខំប្រឹងប្រែងឆ្លើយតប និងចាត់វិធានការដោះស្រាយតាមគ្រប់រូបភាព រួមទាំងការប្រើប្រាស់កំលាំងចំរុះដូចជា កំលាំងនគរបាលចរាចរ កងរាជអាវុធហត្ថ ចុះផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកកាន់តែទូលំទូលាយដល់មូលដ្ឋាន ដើម្បីចូលរួមពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា មានប្រសាសន៍សម្ពោធសួនសុវត្ថិភាពការកសាងសួនសុវត្ថិភាពចរាចរណ៍ទី២ និងទី៣ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស អាណាព្យាបាល លោកគ្រូ អ្នកគ្រូយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ផ្លាកសញ្ញាចរាចរណ៍ ក្រមសីលធម៌ក្នុងការបើកបរ ចេះគោរពអ្នកដ៏ទៃពេលបើកបរ ដើម្បីការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសារ និងបណ្តុះបណ្តាលយុវជនកាកបាទក្រហមកម្ពុជា ឱ្យក្លាយជាកម្លាំងចលករក្នុងការអនុវត្តសកម្មភាពលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជំរុញការរួម ចំណែកជាមួយរដ្ឋាភិបាលកម្ពុជា អនុវត្ត និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធិភាពខ្ពស់ក្នុងការកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ឱ្យបាន ៥០% នៅចុងឆ្នាំ២០៣០ តាមផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ ២០២១-២០៣០។

ក្នុងឱកាសនោះលោកជំទាវ បានថ្លែងអំណរគុណលោកនាយកវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ដែលបានសហការផ្តល់ទីតាំងសម្រាប់កសាងសួនសុវត្ថិភាពចរាចរណ៍ដ៏មានសារសំខាន់នេះ។ និងសូមអរគុណក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ដែលបានផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់អនុវត្តការងារលើកកម្ពស់ សុវត្ថិភាពចរាចរណ៍នៅសាខាខេត្តសៀមរាប ព្រះសីហនុ និងរាជធានីភ្នំពេញតាំងពីឆ្នាំ២០១៩មកដល់បច្ចុប្បន្ន។

លោកជំទាវបានបញ្ជាក់ថា តាមរយៈរបាយការណ៍របស់អគ្គស្នងការនគរបាលចរាចរណ៍បានបង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ កើនឡើង១១ភាគរយ បណ្តាលឱ្យមានមនុស្សស្លាប់ជិត ១៦០០នាក់។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន ៤១ភាគរយ មិនគោរពសិទ្ធិ ២២ភាគរយ មិនប្រកាន់ស្តាំ៩ភាគរយ បត់ ៩ភាគរយ ប្រជែងគ្រោះថ្នាក់៧ភាគរយ កត្តាយាន៥ភាគរយ ស្រវឹង៣ភាគរយ ភ្លើងសញ្ញា១ភាគរយ ងងុយ១ភាគរយ និងកត្តាអាកាសធាតុ១ភាគរយ។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូ ៨០ភាគរយ ស្មើនឹង១,២៧៩នាក់ នៃចំនួនអ្នកស្លាប់ សរុប ១,៥៩០នាក់។ អ្នកស្លាប់មិនពាក់មួកសុវត្ថិភាពចំនួន៦៩ភាគរយ ស្មើនឹង ៨៨៨ នាក់ នៃចំនួនអ្នកជិះម៉ូតូ សរុប ១,២៧៩នាក់៕

អត្ថបទដែលជាប់ទាក់ទង