រសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងព្រះសីហនុ

រសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីអាជ្ញាធរសង្កាត់ និងបងប្អូនជាអ្នកលក់ដូរចល័តនៅបរិវេណទីលានសម្តេចតេជោ ក្រុងព្រះសីហនុ។

លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំដោយផ្តោតលើការពិភាក្សាជាមួយបងប្អូនជាអ្នកលក់ដូរចល័តនៅក្នុងបរិវេណទីលានសម្តេចតេជោ ក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់អនាម័យ បរិស្ថានទីក្រុងព្រះសីហនុ ឱ្យមានសោភណភាព និងបរិស្ថានល្អស្អាតសកសម្យជាទីក្រុងទេសចរណ៍នាទិសនារតី។

ស្មារតីនៃកិច្ចប្រជុំ រដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការណែនាំមួយចំនួនដល់បងប្អូនជាអ្នកលក់ដូរដូចខាងក្រោម៖
-ការលក់ដូរនៅទីតាំងខាងលើត្រូវធ្វើឡើងជាចល័ត មិនអនុញ្ញាតឱ្យមានការបោះទីតាំងជាដាច់ខាត
-ត្រូវចូលរួមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ មិនអនុញ្ញាតឱ្យយករទេះ ឬមធ្យោបាយនានាចូលក្នុងទីលានសម្តេចតេជោឡើយ
-អ្នកលក់ទាំងអស់ត្រូវបញ្ចប់ការលក់ដូរ និងរួមគ្នាប្រមូលសម្អាតបរិវេណទីលានសម្តេចតេជោឱ្យបានរួចរាល់មុនម៉ោង ៣ទៀបភ្លឺ
-ត្រូវបញ្ចញសំរាមឱ្យបានទៀងទាត់តាមពេលវេលាដែលរដ្ឋបាលក្រុងបានកំណត់
-មិនបង្កជម្លាះរវាងអ្នកលក់ដូរ
-ហាមបង្កសម្លេងរំខានដល់អ្នកដទៃ រួមទាំងការចាក់ធុងបាស់
-ចូលរួមថែរក្សាទ្រព្យសម្បត្តិសាធារណៈ និងស្តាប់តាមការណែនាំរបស់រដ្ឋបាលក្រុង។

បន្ទាប់ពីបានដាក់ចេញនូវវិធានការមួយចំនួនរួចមក បងប្អូនអាជីវករដែលបានចូលរួមកិច្ចប្រជុំ បានទទួលយកការណែនាំរបស់រដ្ឋបាលក្រុង និងសន្យាគោរពតាមឲ្យបានជាអតិបរមា ដើម្បីធានាថា ក្រុងព្រះសីហនុមានបរិស្ថាន អនាម័យល្អ មិនមានសំរាមនៅតាមទីតាំងកម្សាន្តនានាក្នុងក្រុងបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង