នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបុណ្យមាឃបូជានៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត អភិបាល ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ប្រជាពលរដ្ឋ និងពុទ្ធបរស័ទ
។
បុណ្យមាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់ក្នុងចំណោមពិធី បុណ្យទាំងឡាយរួមមាន៖ បុណ្យមាឃបូជា បុណ្យវិសាខបូជា បុណ្យអាសាឡបូជា និងបុណ្យបវារណា ដែលចាត់ថាជាបុណ្យដ៏ធំក្នុងព្រះពុទ្ធសាសនា ដើម្បីរំឭកដល់មហាព្រឹត្តិការណ៍ធំៗចំនួន២ យ៉ាងគឺ៖
១. រំឭកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ប្រជុំសន្និបាតសង្ឃ ដែលមានព្រះ អរហន្តចំនួន ១ ២៥០ព្រះអង្គ ប្រជុំគ្នាដោយមិនមានការនិមន្តទុក
២.រំឭកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ នៅបាវាលចេតិយ ។
បុណ្យមាឃបូជាមិនត្រឹមតែជាបុណ្យពុទ្ធសាសនិកជនអ្នកកាន់ព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជាគោរពប្រតិបត្តិប៉ុណ្ណោះទេ ក៏បុណ្យអន្តរជាតិ ដែលមានអង្គការសហប្រជាតិ បានប្រកាសក្នុងអង្គសន្និបាតនាអំឡុងឆ្នាំ ១៩៩៩ ដោយប្រសិទ្ធនាមថា ព្រះពុទ្ធសាសនា ជាសាសនាសន្តិភាព។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ប្រតិបត្តិលើកកម្ពស់តម្លៃព្រះពុទ្ធសាសនាឱ្យមានភាពរីកចម្រើនស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូកទី៣ មាត្រាទី៤៣ បានចែងថា ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិពេញទីខាងជំនឿសាសនា សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនាត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ហើយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីព្រះពុទ្ធសាសនាបានផ្សព្វផ្សាយមកដល់ប្រជាជនខ្មែរយើង ប្រជាជនខ្មែរបានដាក់ចិត្តដាក់កាយបូជាចំពោះព្រះពុទ្ធសាសនា ដោយមានសទ្ធាជ្រះថ្លាដ៏មុតមាំលើព្រះពុទ្ធសាសនា ក៏ចាត់ តាំងរៀបចំពិធីបុណ្យមាឃបូជាជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ។ នៅថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ បុណ្យមាឃបូជា ក្រោមកិច្ចសហការរវាងមន្ទីរធម្មការ និងសាសនា ព្រះមន្ត្រីសង្ឃខេត្តព្រះសីហនុ ព្រះភិក្ខុនរធម្មោ ប៊ុន ណេង ព្រះលេខាគណខេត្ត និងជាព្រះចៅអធិការវត្តឥន្ទញ្ញាណ មន្ត្រីរាជការ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ សិស្សានុសិស្ស សាលាវិទ្យាល័យ ពហុបច្ចេកទេសក្នុងខេត្តព្រះសីហនុ និងអង្គភាពពាក់ព័ន្ធ បានខ្វល់ខ្វាយក្នុងកិច្ចការបុណ្យកុសលនេះ ប្រកបដោយសេចក្តីជ្រះថ្លារីករាយ។
ព្រះសាម្មាសាម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ចំនួន ១១ប្រការ ដោយប្រកាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀត ឱ្យបានយល់ដឹងពីពុទ្ធសាសនា។ គោលការណ៍ទាំង១១ មានឈ្មោះថា “ឱវាទបាដិមោក្ខ” ដែលពុទ្ធសាសនិកជនម្នាក់ៗត្រូវយកមកសិក្សាឱ្យបានយល់ដឹង និងអនុវត្តដូចតទៅ:
-ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទមិនឱ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយ និងផ្លូវសម្តី
-ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អឱ្យស្ថិតស្ថេរគង់វង្សក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី
-ការរក្សាចិត្តឱ្យស្អាតបរិសុទ្ធ ដោយកម្ចាត់កិលេស ឬមេរោគដែលតោង ចិត្តឱ្យអស់ទៅរហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវៈអាក្រក់ស្ថិតនៅ
-មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អ និងកម្ចាត់អំពើអាក្រក់
-មិនប្រើអំពើហិង្សាក្នុងការរស់នៅ គឺជាការសង្គ្រោះគ្នាដោយមេត្តា និងសង្គហធម៌
-មិនប្រើពាក្យបៀតបៀន និងតិះដៀលអ្នកដទៃ
-រក្សាសីល រស់នៅក្នុងច្បាប់ យកច្បាប់ជាធំ
-មិនត្រេកអរក្នុងគ្រឿងស្រវឹង ប្រើប្រាស់វត្ថុទាំងឡាយដោយសន្សំសំចៃនិងស្គាល់ប្រមាណក្នុវវត្ថុទាំងនោះ។