លោក ឡុង ឌីម៉ង់ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តាមដាន ការអនុវត្ត ពេលវេលាបញ្ចេញនិងប្រមូល និងដឹកជញ្ជូនសំរាម ក្រុងព្រះសីហនុ

លោក ឡុង ឌីម៉ង់ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តាមដាន ការអនុវត្ត ពេលវេលាបញ្ចេញនិងប្រមូល និងដឹកជញ្ជូនសំរាម ក្រុងព្រះសីហនុ
___

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបាន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តាមដាន ការអនុវត្ត ពេលវេលាបញ្ចេញនិងប្រមូល និងការដឹកជញ្ជូនសំរាម ក្រុងព្រះសីហនុ ដោយមានការចូលរួមដោយផ្ទាល់ពី តំណាងសង្កាត់ទាំង៤, មេភូមិទាំង១៦, ក្រុមហ៊ុនប្រមូលសំរាម KSWM និងក្រុមហ៊ុនប្រមូលសំណល់សំណង់ទាំង៣ នៅសាលាក្រុងព្រះសីហនុ។

កិច្ចប្រជុំនេះ មានគោលបំណងសំខាន់គឺ ដើម្បី៖
១. បង្ហាញពីទិដ្ឋភាពរួម និងធ្វើបច្ចុប្បន្នភាព ការអនុវត្ត ពេលវេលាបញ្ចេញនិងប្រមូល និងដឹកជញ្ជូនសំរាម
២. ដោះស្រាយបញ្ហាប្រឈម និងចែករំលែកឧត្តមានុវត្តន៍
៣. កំណត់អាទិភាពសកម្ម​ភាពបន្ត។

គួរបញ្ជាក់ថា រដ្ឋបាលក្រុងព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ពេលវេលាបញ្ចេញសំរាម និងប្រមូលសំរាម សំណល់រឹងទីប្រជុំជននៅតាមបណ្តាផ្លូវក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។ ខ្សែផ្លូវដែលបានកំណត់មានសរុប ៧៥ ខ្សែផ្លូវ ដែលក្នុងនោះ៖
ក.មាន០៤ ខ្សែផ្លូវ ដែលជាខ្សែផ្លូវធំសំខាន់ៗ (ដែលត្រូវបញ្ចេញ ពីម៉ោង ០៨ យប់ ដល់ម៉ោង ០៣ ព្រឹក និង ត្រូវប្រមូល  ពីម៉ោង ០៣ ព្រឹក ដល់ម៉ោង ០៨ ព្រឹក) រួមមាន៖
១. វិថីឯករាជ្យ លេខ១០០  ចាប់ពីឆ្នេរថ្មី ដល់រង្វង់មូលតោ២
២. វិថីមិត្តភាព លេខ៨០០ ចាប់ពីមុខអតីតមន្ទីរព័ត៌មាន ដល់ផ្លូវកែងទៅឆ្នេរអូត្រេះ
៣. វិថីតេជោ (ផ្លូវ ៥០២)  ចាប់ពីរង្វង់មូលតោ២ ដល់ទីលានតេជោ
៤. ខ្សែរផ្លូវ ចាប់ពីកែងស្តុប៥០២ ដល់ស្ពានព្រែកសែនត្រជាក់ចិត្ត (តាមបណ្តោយមាត់ឆ្នេរ)។

ខ.មាន៧១ ខ្សែផ្លូវ ដែលជាខ្សែផ្លូវរណប និងផ្លូវតូចៗ (ត្រូវបញ្ចេញ ពីម៉ោង ០៨ យប់ ដល់ម៉ោង ១០ យប់ និង ត្រូវប្រមូល  ពីម៉ោង  ១០ យប់ ដល់ម៉ោង ០៨ ព្រឹក) មានភ្ជាប់ក្នុងឧបសម្ព័ន្ធ។

សូមជម្រាបថា​ គឹតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារទទួលបន្ទុកការពិន័យអន្តរការណ៍​ នៃរដ្ឋបាលក្រុងព្រះសីហនុ បានចុះណែនាំ និងធ្វើការផាកពិន័យ ចំនួន៨ករណីរួចមកហើយ ដែលក្នុងនោះរួមមាន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភ្ញៀវទេសចរណ៍ ទីតាំងអាជីវកម្ម និងក្រុមហ៊ុនឯកជនផងដែរ។

អត្ថបទដែលជាប់ទាក់ទង