រសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំឆ្នាំ២០២២-២០២៣ និងលើកទិសដៅការងារ ២០២៣-២០២៤
រសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំឆ្នាំ២០២២-២០២៣ និងលើកទិសដៅការងារ ២០២៣-២០២៤ ដោយមានការចូលរួមពីអភិបាលរងក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ អង្គការដៃគូរនៅមន្ទីអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ។
បន្ទាប់ពីបានស្តាប់របាយការរបស់លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡារួចមក លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍បិទសន្និបាតរយៈពេលពីរថ្ងៃដោយធ្វើការកោតសរសើរ និងវាយតម្លៃចំពោះស្នាដៃរបស់លោកគ្រូ អ្នកគ្រូទាំង អស់ ស្របតាមទិសដៅរបស់ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងឱ្យសម្រេចបានគោលការណ៍អប់រំប្រកប ដោយសមធម៌សម្រាប់ទាំងអស់គ្នា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រទេសជាតិ។ ការខិតខំបំពេញភារកិច្ចរបស់លោកគ្រូ អ្នកគ្រូ ឆ្លើយតបតាមកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងវិធានការគន្លឹះទាំង៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដោយផ្តោតសំខាន់មានដូចជា ១.ការពង្រឹងអភិបាលកិច្ចសាលារៀន។ ២.ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។ ៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា។ ៤.ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាម ពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការ អប់រំ។
លោកជំទាវ អនុរដ្ឋលេខាធិការបានបន្តថា សន្និបាតរយៈពេល ២ថ្ងៃកន្លង មកនេះ បើកឱ្យសមាជិក សមាជិកាប្រើប្រាស់បញ្ញាញាណ ស្មារតី ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងបញ្ចេញមតិយោបល់ព្រមទាំងបានផ្តល់ព័ត៌មានជាក់លាក់ និយាយពិត និយាយត្រង់ឈានទៅរកការរីកចម្រើនសម្រេចបានលទ្ធផលផ្កាផ្លែគួរជាទីមោទនៈ។ គោលដៅនៃការពង្រឹង និងពង្រីកវិស័យអប់រំទាំងបរិមាណ និងគុណភាព គឺជាបរិបទមួយឆ្លើយតបទៅ នឹងសំណូមពរចាំបាច់នៃការអភិវឌ្ឍន៍សង្គមជាតិ។ បច្ចុប្បន្នការអភិវឌ្ឍន៍កម្មវិធីសិក្សាចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់មធ្យមសិក្សា ដើម្បីផ្សារភ្ជាប់មុខវេជ្ជាបំណិនវិជ្ជាជីវៈ និងជំនាញច្បាស់លាស់ ធានាបានគុណភាព និងប្រសិទ្ធភាពការអប់រំតាមរយៈការប្រឡងគ្រប់ប្រភេទ គឺជាកំណែទម្រង់មួយចាំបាច់បំផុតរបស់ក្រសួងអប់រំ និងរាជរដ្ឋាភិបាល។ ការងារបណ្តុះបណ្តាល ការងារគ្រប់គ្រងបុគ្គលិក ការបង្កើនសមត្ថភាពសិក្សាស្រាវជ្រាវ ការបំពាក់សម្ភារៈឧបទ្ទេសដល់ការបង្រៀន និងឈានទៅបំពាក់សម្ភារៈបរិក្ខារស្រាវជ្រាវដល់គ្រឹះស្ថានសិក្សា គឺជាការលើកកម្ពស់ និងធានាដល់គុណភាពអប់រំពិតៗ។ ការលើកទឹកចិត្ត ការគិតគូរដល់ស្ថានភាពជីវ ភាពរស់នៅរបស់លោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំឱ្យមានលក្ខណៈសមរម្យ គឺជាកត្តាគន្លឹះចាំបាច់ឈានទៅបង្កើនគុណភាពអប់រំប្រកបដោយប្រសិទ្ធភាព និងគុណភាព ហើយការងារទាំងនេះសម្រេចជោគជ័យទៅបានអាស្រ័យដោយមានការចូលរួមរបស់លោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំរបស់យើងទាំងអស់គ្នាក្រោមការយកចិត្តទុកដាក់ទាំងសម្ភារៈ ថវិកា និងស្មារតី ពីសំណាក់រាជរដ្ឋាភិបាល សប្បុរសជន សហគមន៍ជាតិ និងអន្តរជាតិ៕