នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ»នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ
នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ»នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ។
លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ បានឱ្យដឹងថា មន្ទីរបានរៀបចំតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈក្នុងសារមន្ទីរ ដើម្បីទទួលភ្ញៀវចូលទស្សនា។ យើងបានចុះបញ្ជីសាលាបត្រវត្ថុបុរាណ វត្ថុសិល្បៈចំនួន ៣០១វត្ថុ ដែលរឹបអូសបានក្នុងឆ្នាំ២០២០ និងប្រជាពលរដ្ឋប្រគល់ឱ្យ បានចុះបញ្ជីក្រៅឃ្លាំងតាមប្រព័ន្ធ Data base រួចរាល់។ បានចេញលិខិតអនុញ្ញាត្តឱ្យប្រកបរបរអាជីវកម្មផ្នែកសិល្បៈចំនួន ៤២ក្រុម (សម័យនិងបុរាណ) ១.ភ្លេងប្រពៃណីមានចំនួន ១៥ក្រុម ២.ភ្លេងសម័យមានចំនួន ២២ក្រុម ៣.ក្រុមសិល្បៈមហាជនមានចំនួន ០២ក្រុម ៤.អង្គការមានចំនួន ០៣ក្រុម។
លោកប្រធានមន្ទីរបានបន្តថា ការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី យើងបានចងក្រងបោះពុម្ព និងផ្សព្វផ្សាយនូវប្រពៃណីទំនៀមទំលាប់ជនជាតិដើមភាគតិច (ស្អូច) មានដូចជា៖ ឧបករណ៍នេសាទ ចំណេះ ជំនាញ ការរៀបអាពាហ៍ពិពាហ៍។ សហការជាមួយក្រុមសិល្បៈមហាជនបក្សីចាំក្រុង ក្រុមសិល្បៈមហាជនអូរឧកញ៉ាហេងក្នុងការសម្តែងសិល្បៈទទួលភ្ញៀវទេសចរតាមរយៈនាវា Westerdam ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុលើកទី២ បំផុសសិស្ស និស្សិត យុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរតាមទីសាធារណៈ សាលារៀន វត្តអារាម បំផុសស្មារតីឱ្យចេះស្រលាញ់ ការពារ និងថែរក្សាវប្បធម៌ជាតិ ការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។ បានបង្ហាត់បង្រៀនតម្រង់ទិសដល់សិល្បករ សិល្បការិនីតាមក្រុមសិល្បៈមហាជនឱ្យជួយថែរក្សាមរតកដ៏មានតម្លៃឱ្យមានជីវិតគង់វង្ស ស្របតាមពាក្យស្លោក «វប្បធម៌ ដើម្បីការអប់រំ ការអប់រំ ដើម្បីវប្បធម៌»។ ការត្រួតពិនិត្យ កែតម្រូវផ្ទាំងសញ្ញា ផ្ទាំងយីហោ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មឱ្យត្រឹមត្រូវតាមក្បួនខ្នាតវេយ្យាករណ៍ អក្ខរាវិរុទ្ធរបស់ជាតិ កាត់បន្ថយនូវវិការភាព នៃការប្រើប្រាស់ភាសាខ្មែរ។ វិការភាព នៃការប្រើប្រាស់ភាសាខ្មែរមាន ៣ចំណុចសំខាន់ៗមាន ១.វិការភាពក្នុងសំណេរ ២.វិការភាពក្នុងការនិយាយ ៣.វិការភាពក្នុងការប្រើន័យសេចក្តី។ ស្របពេលខេត្តព្រះសីហនុមានការរីកចំរើនប្រែខ្លួនជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (Smart City) ក៏មានសមិទ្ធិផលជាច្រើនពាក់ព័ន្ធនិងវិស័យវប្បធម៌ដែលកើតមានឡើងលើទឹកដីខេត្តព្រះសីហនុ។
លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំរៀបចំប្រារព្ធទិវាវប្បធម៌ជាតិបន្តរក្សានូវប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ»ដើម្បីរំលឹកគុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយចិត្ត បញ្ញា និងអាយុជីវិតក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់បន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។ ទិវាវប្បធម៌ជាតិ ៣មីនា បំផុសឱ្យប្រជាជនស្រឡាញ់ វប្បធម៌ ទំនៀមទំលាប់ប្រពៃណី និងអត្តសញ្ញាណជាតិ ស្របតាមគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្ត្របញ្ចកោណទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
លោក អភិបាលរងខេត្ត បានបន្តថា ទិវាវប្បធម៌ ៣មីនា គឺបំផុសឱ្យប្រជាជនខ្មែរចូលរួមជាកម្លាំងចលករក្នុងកិច្ចអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាឱ្យស្ថិតស្ថេរគង់វង្ស រីកចម្រើនមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ បង្កើនការយល់ដឹងអំពីតម្លៃដ៏មហាសាល នៃសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែបដែលជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព តាមរយៈការបង្កើតនូវផលិតផលវប្បធម៌ថ្មីៗ ក្នុងគោលដៅពាណិជ្ជកម្ម និងទេសចរណ៍រួមចំណែកជួយបង្កើនប្រាក់ចំណូល បង្កើតការងារ កាត់បន្ថយភាពក្រីក្រ លើកទឹកចិត្តដល់សហគ្រិនភាព និងការ បង្កើតការងារផ្នែកសិល្បៈវប្បធម៌នៅក្នុងចំណោមយុវជនកម្ពុជា ជាសក្តានុពលនៃប្រភពកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទទួលបាននូវជំនាញវិជ្ជាជីវៈដូនតា ក្នុងការធានាផ្ទេរចំណេះដឹង ជំនាញដល់យុវជនជំនាន់ក្រោយ ការលើក កម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍អភិវឌ្ឍសិល្បៈវប្បធម៌ដោយបច្ចេកវិទ្យាឌីជីថល ព្រមជាមួយនឹងគំនិតផ្តួចផ្តើមថ្មីៗបង្កើនភាពទាក់ទាញក្នុងសកម្ម ភាពវប្បធម៌នាំមកនូវសាមគ្គីភាព មិត្តភាព និងសន្តិភាព។