គ្មានផ្ទះ ជ្រកត្រឹមរោងគ្មានជញ្ជាំង តែ ខេម៉ា កូនអ្នកខេត្តកំពត តស៊ូរៀនរហូតជាប់បាក់ឌុប បាននិទ្ទេស A

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ថ្មីៗនេះបាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលទាក់ទិនទៅនឹងយុវតីមួយរូប ដែលជាបេក្ខជនប្រឡងបាក់ឌុបក្នុងឆ្នាំ ២០២២ រស់នៅក្នុងជីវភាពក្រខ្សត់គ្មានសូម្បីផ្ទះសមស្របរស់នៅ ប៉ុន្តែតស៊ូរៀនសូត្ររហូតជាប់បាក់ឌុប ទទួលបាននិទ្ទេស A គួរឱ្យស្ញើចសរសើរបំផុត។

ចំពោះរឿងនេះ តាមរយៈគណនីដែលមានឈ្មោះ An Anana Cuty បានរៀបរាប់នូវរឿងរ៉ាវរបស់យុវតីខាងលើឱ្យបានដឹងថា រូបគេមានឈ្មោះ ឆាំ ខេម៉ា ជាសិស្សនៃវិទ្យាល័យអង្គរមាស ស្រុកដង់ទង់ ខេត្តកំពត ទទួលបានលទ្ធផលនិទ្ទេស A ក្នុងសម័យប្រឡង ២០២២ នេះ។

ក្នុងនាមជាគ្រូ ប្រភពខាងលើបានឱ្យដឹងថា ខេម៉ា ជាសិស្សម្នាក់ដែលមានសីលធម៌ល្អ មានសុជីវធម៌ ល្អ មានចិត្តកតញ្ញូដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ និង អាណាព្យាបាល ព្រមទាំងមិត្តភក្តិ ជាពិសេសនោះអ្វីដែលគេមិនដែលបោះបង់នោះ ទោះបីគ្រួសារក្រក្រីយ៉ាងណាក៏ដោយ ក៏យុវតីរូបនេះមិនដែលត្អូញត្អែរ ឬ និយាយប្រាប់ទៅគ្រូណាម្នាក់បានដឹងឡើយ។

បច្ចុប្បន្ន ខេម៉ា មានបងប្អូន ៤ នាក់ ហើយនាងជាកូនទី ១ ក្នុងគ្រួសារ ដោយសារជីវភាពខ្វះខាត គ្រួសាររបស់នាងត្រូវបង្ខំលក់ផ្ទះដើម្បីឱ្យកូនរៀន ទើបសព្វថ្ងៃមិនមានផ្ទះទេ គឺសង់ត្រឹមជារោងតូចមួយស្នាក់អាស្រ័យសិនប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង