អភិបាលខេត្តព្រះសីហនុ និងសមាគមអាណិកជនខ្មែរ ទីក្រុងស៊ីអាថុល សហរដ្ឋអាមេរិក បន្តរិតចំណងសាមគ្គីភាព មិត្តភាព និងមានគម្រោងផ្លាស់ប្តូរទស្សនកិច្ចរវាងប្រតិភូទាំង២

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក Willian Chandarith Oung ប្រធានសមាគមអាណិកជនខ្មែរ ទីក្រុងស៊ីអាថុល សហរដ្ឋអាមេរិក ដឹកនាំប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅសាលាខេត្តព្រះសីហនុ។

លោក Willian Chandarith Oung ប្រធានសមាគមអាណិកជនខ្មែរទីក្រុងស៊ីអាថុល សហរដ្ឋអាមេរិក បានថ្លែងអំណគុណអភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យលោក និងសហការីបានចូលជួបពិភាក្សាគ្នា ក្នុងគោលបំណង រិតចំណងសាមគ្គីភាព មិត្តភាពជាខេត្ត ក្រុងសម្ព័ន្ធមេត្រីភាពនេះជាលើកទីពីរ ដែលប្រតិភូទីក្រុងស៊ីអាថុល បានមកបំពេញទស្សនកិច្ច និងបានចូលពិភាក្សាគ្នា ដើម្បីបង្កើនភាពស្និតស្នាល និងការយោគយល់គ្នា និងមានគម្រោងដោះដូរទស្សនកិច្ចរវាងប្រតិភូខេត្តព្រះសីហនុផងដែរ។

ក្នុងឱកាសនោះលោក ក៏បានជំរាបជូនអភិបាលខេត្តថា នាឆ្នាំកន្លងមក ក្រុមគ្រូពេទ្យទីក្រុងស៊ីអាថុល បានមកពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់បានចំនួនពីរដងរួចមកហើយ លោកសង្ឃឹមថា នៅពេលខាងមុខ និងមានក្រុមគ្រូពេទ្យទីក្រុងស៊ីអាថុលមកជួយពិនិត្យជំងឺជូនប្រជាពលរដ្ឋខេត្តព្រះសីហនុបន្តទៀត។

លោក គួច ចំរើន បានស្វាគមន៍លោកប្រធានសមាគមអាណិកជនខ្មែរទី ក្រុងស៊ីអាថុល សហរដ្ឋអាមេរិក ដែលបានមកបំពេញទស្សនកិច្ចនៅទឹកដី នៃខេត្តព្រះសីហនុ ជាលើកទីពីរ ដើម្បីបង្កើនភាពស្និតស្នាលរវាងខេត្ត ក្រុង នៃប្រទេសទាំងពីរកាន់តែប្រសើរបន្ថែមទៀត។

ក្នុងឱកាសនោះលោកអភិបាលខេត្តព្រះសីហនុ បានស្នើសុំឱ្យលោកប្រធានសមាគមអាណិកជនខ្មែរទីក្រុងស៊ីអាថុល ទី១.ដឹកនាំក្រុមគ្រូពេទ្យមកជួយពិនិត្យសុខភាពជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ក្នុងអំឡុងខែឧសភា ឬខែ មិថុនាខាងមុខ ដែលជាពេលវេលាសមស្របណាមួយដែលអាចធ្វើបាន។ ២.ទាក់ទងនិងវិស័យអប់រំ យើងអាចទទួលសិស្សមកពីទីក្រុង ស៊ីអាថុល ដែលចង់មកស្វែងយល់ និងចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក រវាងសិស្សខេត្តព្រះសីហនុ។ ព្រោះទិសដៅ និងគោលនយោបាយរបស់រដ្ឋាភិបាលបង្កើនបច្ចេកវិទ្យាសម្រាប់យុវជនបន្តវេន។

អភិបាលខេត្ត បានបញ្ជាក់ថា ខេត្តព្រះសីហនុ ខ្វះក្រុមគ្រូពេទ្យជំនាញ ធ្វើឱ្យលំហូវិស័យសុខភាពសាធារណរបស់កម្ពុជា ចេញទៅពិនិត្យព្យាបាលជំងឺនៅក្រៅប្រទេសមានចំនួនច្រើន។ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាល បានរៀបចំផែនការមេប្រើប្រាស់ដីធ្លី និងប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ដោយផ្តោតសំខាន់លើឧស្សាហកម្មធុនស្រាល និងធុនធ្ងន់ ដើម្បីកំណើនសេដ្ឋកិច្ចសង្គម និងកំណើនជីវភាព របស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

ក្នុងងឱកាសនោះ លោកប្រធានសមាគមអនិកជនខ្មែរនៅទីក្រុងស៊ីអាថុល ក៏បានប្រគល់លិខិតរបស់អភិបាលក្រុងស៊ីអាថុល ជូនដល់អភិបាលខេត្តផងដែរ និងសូមអញ្ជើញអភិបាលខេត្ត ដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅទីក្រុងស៊ីអាថុល នៅពេលវេលាសមស្របណាមួយ៕

អត្ថបទដែលជាប់ទាក់ទង