រដ្ឋមន្ត្រី ថោង ខុន៖ ការរៀបចំពិធីបុណ្យសម្មាទានធុតង្គសម្មាធិ និងវិបស្សនាកម្មដ្ឋាន ជាការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា
កំពង់ធំ ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ធំ បានថ្លែងបញ្ជាក់ថា ពិធីបុណ្យសម្មាទានធុតង្គសម្មាធិ និងវិបស្សនាកម្មដ្ឋាន ជាពិធីជាបុណ្យដ៏ប្រពៃ និងជាគុណធម៌ដ៏ឧត្តមនាំមកនូវសន្តិភាពផ្លូវចិត្តដល់មនុស្សជាតិ និងសង្គមទាំងមូល ហើយក៏ជាពិធីបុណ្យមួយដែលបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាដែលជាសាសនារបស់រដ្ឋផងដែរ។
លោកបណ្ឌិត ថោង ខុន បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញបិទវគ្គបតិបត្តិសមាទានធុតង្គ និងសមាធិវិបស្សនា ដែលបានរៀបចំឡើងអស់រយៈពេល ០៧យប់ ០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅគេហដ្ឋានរបស់លោករដ្ឋមន្ត្រី នៅស្រុកស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ពិធីបិទនេះក៏មានការចូលរួមពីព្រះសាសនមុនីកម្មដ្ឋាននាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ព្រះរាជាគណៈថ្នាក់ទោ និងជាប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី មេគណខេត្តកំពង់ធំ ព្រមទាំងព្រះគ្រូ ព្រះអនុគណស្រុក និងព្រះសង្ឃគ្រប់ព្រះអង្គ មន្រ្តីរាជការ សីលវន្ត សីលវតី ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទជាច្រើននាក់ដែរ។
នាឱកាសនោះដែរលោករដ្ឋមន្ត្រី ថោង ខុន ក៏បានថ្លែងអំណរព្រះគុណ និងកោតសរសើរចំពោះព្រះគ្រូធម្មកវីវង្សាចារ្យ ឡាន់ សុមនោ, ព្រះអនុគណស្រុកតាំងគោក ស្រុកបារាយណ៍ ព្រះវិន័យធម៌អនុគណស្រុកបារាយណ៍ និងព្រះគ្រូទាំងអស់ដែលបានរួមសហការដឹកនាំ និងសម្របសម្រួលកម្មវិធីសិក្សារយៈពេល ១សប្តាហ៍នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ និងបានអបអរសាទរចំពោះអ្នកសិក្សាបតិបត្តិចំនួន ១៥១អង្គ/នាក់ ដែលបានចូលរួមវគ្គសិក្សានេះ និងទទួលបាននូវពុទ្ធិ និងចំណេះដឹងបន្ថែមទៀតក្នុងការពង្រឹងបញ្ញា ស្មារតី និងការអប់រំផ្លូវចិត្តតាមធម៌វិន័យ។
លោករដ្ឋមន្ត្រី បានបន្ថែមថា ព្រះពុទ្ធសាសនានាពេលបច្ចុប្បន្ន ព្រះសង្ឃគ្រប់ព្រះអង្គ សីលវន្ត សីលវតី ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន បានខិតខំលើកកម្ពស់ ពង្រឹង និងពង្រីកនូវការកសាងវត្តអារាម មានកុដិ ឧបដ្ឋានសាលា ព្រះវិហារ។ យើងអាចនិយាយបានថា ការរីកចម្រើនផ្នែកសម្ភារៈ ព្រោះអាស្រ័យដោយប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ដោយឡែកផ្នែកសីលធម៌សង្គម គឺជារឿងមួយដែលព្រះសង្ឃគ្រប់ព្រះអង្គដើរតួជាគំរូយ៉ាងសំខាន់ ពិសេសស្ថាប័នព្រះពុទ្ធសាសនា គឺជាគំរូល្អផ្នែកសីលធម៌ ចរិយាធម៌ និងជួយអប់រំផ្នែកសីលធម៌ ទឹកចិត្តកតញ្ញូជួយហាមឃាត់អំពើព្រៃផ្សៃផ្សេងៗក្នុងសង្គម។
ព្រះពុទ្ធសាសនាបានសាបព្រួសបណ្តុះអប់រំ ជួយប្រៀនប្រដៅប្រជាជនគ្រប់ជាន់ថ្នាក់ឲ្យតាំងនៅក្នុងគន្លងសីលធម៌ល្អ ព្រោះហេតុនេះគុណតម្លៃនៃព្រះពុទ្ធសាសនា មិនមែននៅត្រង់ចំណុចកុដិធំ វិហារធំ ឧបដ្ឋានសាលាធំ វត្តអារាមមានដីធំនោះទេ តម្លៃរបស់ព្រះពុទ្ធសាសនាគឺស្ថិតនៅត្រង់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ មានចំណេះដឹង មានសទ្ធាជ្រះថ្លាក្នុងការគោរពប្រតិបត្តិ និងជួយបង្ហាត់បង្រៀនប្រជាពលរដ្ឋឱ្យតាំងនូវក្នុងអំពើល្អ ជៀសផុតអំពើអបាយមុខផ្សេងៗ។
លោក ថោង ខុន បានបន្ថែមថា ក្នុងនាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកតែងតែផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ និងវប្បធម៌ (រួមទាំងព្រះពុទ្ធសាសនា) របស់កម្ពុជាឱ្យភ្ញៀវជាតិ និងអន្តរជាតិ បានឃើញនិងចង់មកទស្សនាកំសាន្តនៅកម្ពុជា ក្នុងន័យនេះលោកបានបន្ថែមថា វត្តអារាមគួរតែកសាងឱ្យមានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ មានក្បូរក្បាច់រចនារស់រវើក ត្រូវចេះថែរក្សា និងឱ្យតម្លៃដល់ស្នាដៃអ្នកជំនាន់មុន ត្រូវរៀបចំវត្តអារាមដែលអាចទាក់ទាញភ្ញៀវជាតិ អន្តរជាតិឱ្យចូលមកទស្សនាផងដែរ។
បើតាមរបាយការណ៍ព្រះគ្រូធម្មកវីវង្សាចារ្យ ឡាន់ សុមនោ ពិធីបុណ្យសម្មាទានធុតង្គសម្មាធិ និងវិបស្សនាកម្មដ្ឋាននេះ ទទួលបានការចាប់អារម្មណ៍ពីព្រះសង្ឃជាច្រេីន ដែលតាមការគ្រោងទុកព្រះសង្ឃមានតែ ៣៥អង្គ យាយតា៦០នាក់ ជាក់ស្តែងមានព្រះសង្ឃចូលរួមបតិបត្តិរហូតដល់ ៥៣អង្គ តាជី ៩នាក់ យាយជី ៨៩នាក់ សរុប ១៥១អង្គ/នាក់ និងមហាជនចូលរួមម្ដងម្កាលមានទាំង២ស្រុក សរុបប្រមាណជាង ១០០ទៀត។
ព្រះគ្រូធម្មកវីវង្សាចារ្យ ឡាន់ សុមនោ មានសង្ឃដីការទៀតថា ដោយមានការយកព្រះទ័យទុកដាក់ពីព្រះប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានចាត់តាំងគ្រូធម្មាចារ្យ ចំនួន ៣អង្គនាក់ និងគ្រូជំនួយចំនួន ៤នាក់ ដែលបានអនុវត្តនូវខ្លឹមសារមេរៀនមួយថ្ងៃ ៩ម៉ោង ៧យប់ ៧ថ្ងៃនេះ សរុប៦៣ម៉ោង គឺជាម៉ោងបតិបត្តិសមាធិ និងវិបស្សនា។ ១៦៨ម៉ោងសម្រាប់ការទ្រទ្រង់បតិបត្តិធុតង្គ ដោយមួយថ្ងៃត្រូវរក្សាកាន់ខ្ជាប់ខ្ជួន ២៤ម៉ោងសម្រាប់ធុតង្គវត្តដែលបានសមាទាន។ សិក្ខាកាមកុលបុត្រអ្នកបតិបត្តិយោគីវចរទាំងអស់ បានយល់អំពីរបៀបចម្រើនអានាបានស្សតិ ដែលជាកម្មដ្ឋានមួយក្នុងចំណោមកម្មដ្ឋានទាំង៤០ប្រភេទ។
សិក្ខាកាមកុលបុត្រអ្នកបតិបត្តិយោគីវចរទាំងអស់ បានស្គាល់ខ្យល់៤ត្រកូល ខ្លះបែកធ្លាយ ខ្លះមិនទាន់បែកធ្លាយ អាចកំណត់ដឹងនូវធាតុទាំង៤ គឺបឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ បានខ្លះៗ ខ្លះអាចកំណត់ដឹងនូវបឋមឈានមានអង្គ៥ គឺ វិតក្កៈ វិចារ បីតិ សុខ ឯកក្កតា និងយល់អំពីដំណើរនៃការបតិបត្តិបន្តរទៅទៀត ពិសេសធ្វើឱ្យពួកគាត់មានជំនឿមុតមាំចំពោះព្រះពុទ្ធសាសនា និងមើលឃើញពីគុណតម្លៃនៃការបតិបត្តិនេះមិនអាចគណនារៀបរាប់បានឡើយ៕