រដ្ឋបាលរាជធានីភ្នំពេញ បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅ អនុវត្តការងារ ឆ្នាំ២០២៣ ដោយលើកយកប្រធានបទចំនួន៥ មកពិភាក្សា ក្នុងនោះមានទាំងការដោះស្រាយបញ្ហា សំណល់រឹង សំរាម, ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារាំហ្គេមលើកទី១២, គោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» និងការត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយផ្សេងៗជាដើម។

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់រដ្ឋបាលរាជធានីភ្នំពេញខាងលើនេះ បានធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានី នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វារ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំង ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការទប់ស្កាត់ជម្ងឺកូវីដ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អ។

បន្ថែមពីនេះ លោក ឃួង ស្រេង ក៏បានលើកឡើងពីគម្រោងជាច្រើន ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យក្លាយជាទីក្រុងស៊ីវីល័យ ការបើកវគ្គបណ្តុះបណ្តា និងផ្តល់សេវាជូនប្រជាពលរដ្ឋ បើកការដ្ឋានស្ថាបនាផ្លូវ លូ ស្ពានអាកាស និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ជាមួយនិងការប្រកាសរាជធានីភ្នំពេញអស់មីន និងកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រជាដើម។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីសមិទ្ធផល និងស្នាដៃការងារខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នៅមានការងារសេសសល់ និងបញ្ហាបឈមមួយចំនួនទៀតផងដែរ ដែលទាមទារឲ្យក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ រៀបចំជាប្រធានបទ សម្រាប់ការពិភាក្សានៅក្នុងអង្គសន្និបាតឆ្នាំនេះ។

អត្ថបទដែលជាប់ទាក់ទង