បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
បន្ទាយមានជ័យ៖ កាលពី ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន នៅចំណុចភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដេីម្បីសួនាំតាមនីតិវិធី។
ជនសង្ស័យឈ្មោះ ឆៃ រ៉ាឌីន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នរស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
វត្ថុតាងចាប់បានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០២កូនថង់កិប ទម្ងន់៣,៩៣ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង ចំនួន០៥គ្រាប់ ទម្ងន់០៦០ក្រាម , ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ស្លាកលេខ បន្ទាយមានជ័យ 1W-9663, ទូរស័ព្ទចំនួន ០៣គ្រឿង,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង រួមនឹងសម្ភារៈមួយចំនួនទៀត។
កាលពីវេលាម៉ោងខាងលេីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចខ្នងអាង ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងបានចុះប្រតិបត្តិការដល់ចំណុចកើតហេតុនេះ និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆៃ រ៉ាឌីន ព្រមទាំងវត្ថុតាងដូចខាងលើ។
ជនសង្ស័យបានសារភាពថា រូបខ្លួនពិតជាបានជួញដូរ និងប្រេីប្រាស់គ្រឿងញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងវត្ថុតាង ជនសង្ស័យត្រូវបានបញ្ជូនបន្តមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ៕